កម្ពុជាបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោក (WHO) ដែលនឹងមកដល់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

សម្ដេចតេជាបានប្រកាសក្នុង​ Facebook Page របស់សម្តេចនៅថ្ងៃនេះថាកម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។

ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយកម្ពុជាចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។​

​​សម្តេចក៏បានអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់។

សម្តេចបានបន្ថែមទៀតថា ប្រសិនបើពុំមានការប្រែប្រួលទេ សម្តេចតេជោនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

ទៅលើវិញ